ស្ពានកោះនរា បើកឲ្យចរាចរណ៍បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០តុលានេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស
សន្តិសុខសង្គម
104

រាជធានីភ្នំពេញ ៖ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជូនដំណឹង ឲ្យបានដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ស្ពានកោះនរា នឹងដាក់អោយធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣ នេះ វេលាម៉ោង ៦:០០ព្រឹកតទៅ ។

សូមអញ្ជើញធ្វើដំណើរលើស្ពានកោះនរា ដោយសុវត្ថិភាព !

គួរបញ្ជាក់ផងដែរថា កន្លងមក ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចការសាងសង់បានប្រមាណ ៩៥% ហើយ។ កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិច។

គួរបញ្ជាក់ដែរថា សម្រាប់ការបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ-កោះនរានេះ សម្តេចធិបតី បានអនុញ្ញាតឱ្យធ្វើចរាចរណ៍ ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើដំណើរទាំងទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោន ចុះក្រោមតែប៉ុណ្ណោះ៕


Telegram