កម្លាំងនគរបាលខណ្ឌដង្កោ នៅតែបន្តដឹកនាំកម្លាំង ចុះល្បាតពិនិត្យ បង្ការនិងសង្គ្រោះ ជួយពលរដ្ឋកំពុងរងគ្រោះដោយជំនន់ស្ទឹងព្រែកត្នោត ខណៈគិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់នេះ មានចំនួន៩សង្កាត់ ១,៥៣៥ខ្នងផ្ទះ ហើយត្រូវបានជន់លិច
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំពីលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ​ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អធិការនគរបាល​ខណ្ឌដង្កោ ដែលផ្តល់ឲ្យTVFB នៅរសៀលថ្ងៃទី២០ តុលានេះ បានឲ្យដឹងថា គិតត្រឹមម៉ោង១២និង០៧នាទីព្រឹកថ្ងៃនេះ មានចំនួន០៩សង្កាត់ ស្មើ៣២ភូមិ ចំនួនខ្នងផ្ទះ១,៥៣៥ គ្រួសារ១,៥៨៦ និងមានមនុស្សចំនួន ៦,៥២៦នាក់ រងផលប៉ះពាល់(ផ្លូវចំនួន១៦ខ្សែ, សាលារៀនចំនួន០៤, មណ្ឌលសុខភាពចំនួន០២, វត្តចំនួន០៤, សាលាសង្កាត់ចំនួន០៣ និងប៉ុស្តិ៍រដ្ឋបាលចំនួន០៣ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ទំនប់7មករា ខាងមុខទ្វារទឹកមានកម្ពស់៦,២៨ម៉ែត្រ (ខ្ពស់ជាងទំនប់បង្ហៀរ +១,៤៨ម៉ែត្រ) បើកទ្វារធំដោះទឹកកម្ពស់ ៥,៣មx៤ទ្វា ខាងក្រោយទ្វារទឹកមានកម្ពស់៩,១៤ម(កើនឡើង +០,៤ម)ធៀបម្សិលមិញ៨,៦៨ (កម្ពស់ទឹកក្រោយទ្វារ= ៧,០០ម៉ែត្រ ត្រូវតាមដាន និងប្រុងប្រយ័ត្ន) ធៀបកម្ពស់ទឹកមុខ និងក្រោយទ្វារទឹកខុសគ្នា ០,១៤ម៉ែត្រ។

ជាមួយនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម/២៤ម ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ៕ អែល វិចិត្រ


Telegram