រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះបានឲ្យដឹងស្តីពី ស្ថានភាពធាតុអាកាស
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣៖
ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD)។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្ដប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង វិសម្ពាធទាបនោះពុំ មានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
- ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង - ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយគ្រប ដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។
- លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និង ឈូងសមុទ្រថៃនឹងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប(ITCZ) ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ នៅក្នុង កម្រិតបង្ហូរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៧០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។
សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕