ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកណ្តាល ទម្លាក់បិទទ្វារទឹកកម្ពស់ ២ម៉ែត្រចំនួន៤ទ្វារ ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម ខណៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តាំផ្ញើឲ្យមន្ត្រីទាំងអស់ ជាពិសេសមន្ទីរធនធានទឹកនិងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ឲ្យបានខ្ពស់
សន្តិសុខសង្គម
86

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបថា គិតត្រឹមម៉ោង ៥ និង៣០ល្ងាច ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតំបន់ខាងលើ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងបន្តស្រកចុះបន្តិចម្តងៗ។ ក្នុងនោះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៦,១០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្រក ៣៦ សង់ទីម៉ែត្រ បើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦២ ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ កើនឡើង១សង់ទីម៉ែត្របើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងបានទម្លាក់បិទទ្វារកម្ពស់ ២ម៉ែត្រ លើកម្ពស់ទ្វារសរុប ៧ម៉ែត្រ ចំនួន៤ទ្វារ ព្រោះសន្ទុះទឹកស្រកខ្លាំង ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់៧មករា នៅវេលាម៉ោង៥.៣០ ទឹកមានកម្ពស់ ៩,៣៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៨,៣០ម៉ែត្រ ហើយចាប់ពីម៉ោង ៦.០០ ល្ងាចមកសន្ទុះទឹកឈប់ឡើងគឺនៅនឹង ហើយកំពុងទម្លាក់ទ្វារ ៣០សង់ទីម៉ែត្រ ចំនួន ៤ទ្វារ ដើម្បីសម្រួលចរន្តទឹកផ្នែកខាងក្រោម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទឹកកំពុងប្រមូលចូលពោះស្ទឹងជាបណ្តើរៗហើយ យ៉ាងយូរពាក់កណ្តាលអធ្រាត្រនេះទឹកចូលពោះស្ទឹងអស់ហើយ ដែលធ្វើឱ្យផ្នែកខាងក្រោមត្រូវការពេលវេលាសម្រាប់រយៈពេលទឹកស្រក។ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។

បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមរួមជាមួយអាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕


Telegram