ជំនន់ស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវលេខ១០៤ តាំងពីល្ងាចម្សិលមិញ ខណៈនៅព្រឹកនេះបានកំពុងរងការខូចខាតដោយអន្លើរ
សន្តិសុខសង្គម
111

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរខណ្ឌដង្កោ ដែលផ្តល់ឲ្យTVFB នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងពី ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ៖

ចំពោះស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញថានាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានកំពុងរងការខូចខាតដោយអន្លើរ ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតបានហូរកាត់ តាំងពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។

សូមបញ្ជាក់បន្ថែមថា កាលពីល្ងាចម្សិលមិញនេះដែរ គ្រាន់តែទទួលបានដំណឹងថា ជំនន់ទឹកស្ទឹងព្រែកត្នោតបានហូរកាត់ផ្លូវលេខ១០៤ភ្លាម គេឃើញលោកចៅសង្កាត់គងនយ លោកមេប៉ុស្តិ៍ បានកាយដីច្រកបាវ និងចាក់ទប់មុខទឹក កុំឲ្យហូរខ្លាំងមកលើផ្លូវ ចៀសវាងខូចខាតផ្លូវ ហើយភ្លាមនោះ ក៏វត្តមានរបស់អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ អភិបាលរង និងមន្ត្រីជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងមានដំណោះស្រាយបន្ត ហើយទន្ទឹមនឹងនោះ ក៏មានឃើញមានវត្តមានរបស់លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងអភិបាលរង ស្នងការរង ជាច្រើនរូប បានឆ្លងកាត់ចំណុចទឹក ស្ទឹងព្រែកត្នោតហូរកាត់ផ្លូវលេខ១០៤ខាងលើ ដោយបានអញ្ជើញចុះមកត្រួតពិនិត្យស្ថានភាព ដោយសារជាភូមិសាស្ត្រជាប់គ្នា ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជួយចេញអាចន៍ដី ដើម្បីច្រកបាវទប់ទឹក ចំនួន ៤ឡាន ស្មើរនឹង ៤០ម៉ឺនរៀលផងដែរ ។

សូមជម្រាបជូនថា តាមរបាយការណ៍ដដែល គិតត្រឹមវេលាម៉ោង៤ល្ងាច ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣២ភូមិ ១,៥៣៥ខ្នងផ្ទះ, ១,៥៨៦គ្រួសារ, ផ្លូវ ១៦ខ្សែ, សាលារៀនចំនួន ៤, មណ្ឌលសុខភាពចំនួន២ ៕ អែល វិចិត្រ


Telegram