រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ដ TOYOTA VIOS ស៊េរីទំនើបមួយគ្រឿង រេចង្កូតបុកនឹងបង្គោលភ្លើងស្តុបស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់ដាច់អស់មួយដើម កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ TOYOTA VIOS ស៊េរីទំនើប ដែលពាក់ស្លាកលេខ ភ្នំពេញ 2BS-5642 តាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត មកដល់ផ្លូវបំបែកជាបួនកែងនឹងផ្លូវ១០៧ បានរ៉េចង្កូតបុកនឹងបង្គោលភ្លើងស្តុបសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់ដាច់អស់មួយដើម រងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់មនោរម្យ ដើម្បីចាត់ការតាមច្បាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ Mrr Ka