រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរ
យានយន្តធុនធ្ងន់គ្រប់ប្រភេទ ឱ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជា ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖
១.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
២.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ
ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្ដាល សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣
ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ។ បន្ទាប់ពីស្ថានភាព ជំនន់ទឹកភ្លៀងស្រកចុះ រដ្ឋបាលខ័ណ្ឌកំបូលនឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ
កំបូល ការិយាល័យ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ទាំង៧ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង
ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕