រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីសមត្ថកិច្ចនិងអាជ្ញាធរ ខណ្ឌដង្កោ ដែលផ្តល់មកឲ្យTVFB នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ បានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ តុលានេះ ជំនន់ស្ទឹងព្រែកត្នោត បានជន់លិច ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ ចំនួន ១០សង្កាត់ ស្មើរនឹង ៣៤ភូមិ ដែលមានចំនួន ១៩៣០ ខ្នងផ្ទះ ស្នើរនឹង ២០៣៥គ្រួសារ មនុស្សចំនួន៧៣៧៩នាក់ ផ្លូវ២៣ខ្សែ សាលារៀនចំនួន៤ មណ្ឌលសុខភាពចំនួន២ វត្តចំនួន៤ សង្កាត់ចំនួន ៣ និងប៉ុស្តិ៍រដ្ឋបាលចំនួន៣ ។
សូមបញ្ជាក់បន្ថែមផងដែរថា អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ ដោយគិតចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងរហូតហូរកាត់ ។ ផ្លូវខាងលើ គឺស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រមាណ២ជាងគីឡូម៉ែត្រ ដោយក្នុងនោះ មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើកលែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរតំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ៕