ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោត និងផ្លូវលេខ១០៤ ដែលទឹកហូរកាត់និងកំពុងរងការខូចខាត ខណៈកំណាត់ផ្លូវលេខ២១៧ ចំនួន២កន្លែង ក៏មានការជន់លិច
សន្តិសុខសង្គម
93

រាជធានីផ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានចុះពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

ការអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅព្រឹកនេះ គឺនៅចំណុចផ្លូវ១០៤ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជំនន់ទឹកស្ទឹងព្រែកត្នោត បានហូរច្រាលជន់លិចលើផ្លូវ និងបានបណ្តាលឲ្យរងការខូចខាតដោយអន្លើ និងបន្តចុះត្រួតពិនិត្យបន្តទៀត ទៅតាមសណ្តស្ទឹង ដែលកំពុងរងគ្រោះ ដែលជាការព្រួយបារម្ភមួយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការងារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ និងបានណែនាំដោយអាជ្ញាធរពាក់ព័ន្ធ ក៏ដូជាកងកម្លាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយបង្កា ការពារ និងសង្គ្រោះពលរដ្ឋដែលកំពុងរងគ្រោះ ខណៈនៅព្រឹកនេះ គេឃើញកំណាត់ផ្លូវលេខ២១៧ ចំនួន ២កន្លែង ក៏ត្រូវបានទឹកជនន់លិចច្រាលមកលើផ្លូវផងដែរ ដោយមានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានដាក់គោលដៅការពារនៅចំណុចជន់លិចនោះផងដែរ ។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរខណ្ឌដង្កោ ដែលផ្តល់ឲ្យTVFB នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងពី ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ៖ ចំពោះស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញថានាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានកំពុងរងការខូចខាតដោយអន្លើរ ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតបានហូរកាត់ តាំងពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។តួយ៉ាងកាលពីល្ងាចម្សិលមិញនេះដែរ គ្រាន់តែទទួលបានដំណឹងថា ជំនន់ទឹកស្ទឹងព្រែកត្នោតបានហូរកាត់ផ្លូវលេខ១០៤ភ្លាម គេឃើញលោកចៅសង្កាត់គងនយ លោកមេប៉ុស្តិ៍ បានកាយដីច្រកបាវ និងចាក់ទប់មុខទឹក កុំឲ្យហូរខ្លាំងមកលើផ្លូវ ចៀសវាងខូចខាតផ្លូវ ហើយភ្លាមនោះ ក៏វត្តមានរបស់អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ អភិបាលរង និងមន្ត្រីជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងមានដំណោះស្រាយបន្ត ហើយទន្ទឹមនឹងនោះ ក៏មានឃើញមានវត្តមានរបស់លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងអភិបាលរង ស្នងការរង ជាច្រើនរូប បានឆ្លងកាត់ចំណុចទឹក ស្ទឹងព្រែកត្នោតហូរកាត់ផ្លូវលេខ១០៤ខាងលើ ដោយបានអញ្ជើញចុះមកត្រួតពិនិត្យស្ថានភាព ដោយសារជាភូមិសាស្ត្រជាប់គ្នា ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជួយចេញអាចន៍ដី ដើម្បីច្រកបាវទប់ទឹក ចំនួន ៤ឡាន ស្មើរនឹង ៤០ម៉ឺនរៀលផងដែរ ។

តាមរបាយការណ៍ដែលសមត្ថកិច្ចនិងអាជ្ញាធរ បានផ្តល់មកឲ្យក្រុមការងារ TVFB បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង៥ល្ងាច ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣៣ភូមិ ១,៦៧៦ខ្នងផ្ទះ, ១,៦៨៨គ្រួសារ, ផ្លូវ ១៩ខ្សែ, សាលារៀនចំនួន ៤, មណ្ឌលសុខភាពចំនួន២ , វត្តចំនួន៤ ,សង្កាត់ចំនួន៣ និងប៉ុស្តិ៍រដ្ឋបាលចំនួន៣ ។

ចំណែកស្ថានភាពកម្ពស់ទឹក នៅទំនប់៧មករា គិតត្រឹមវេលាម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ខាងមុខទ្វារទឹកមានកម្ពស់ ៦,៥៦ម៉ែត្រ (ខ្ពស់ជាងទំនប់បង្ហៀរ +១,៧៦ម៉ែត្រ) , បើកទ្វារធំដោះទឹកកម្ពស់ ៤,៨ម៉ែត្រ×៤ទ្វារ , ខាងក្រោយទ្វារទឹកមានកម្ពស់ ៩,៤០ម៉ែត្រ (កើនឡើង +០,២៦ម៉ែត្រ ធៀបម្សិលមិញ ៩,១៤ម៉ែត្រ)។ (កម្ពស់ទឹកក្រោយទ្វារ= ៨,៣០ម៉ែត្រ ត្រូវតាមដាន និងប្រុងប្រយ័ត្ន) ធៀបកម្ពស់ទឹកមុខ និងក្រោយទ្វារទឹកខុសគ្នា ០,១៦ម៉ែត្រ។ ស្ថានភាពទឹកទំនប់៧មករា ស្ថិតនៅនឹង ចាប់ពីម៉ោង ១០ យប់។ ទំនប់សណ្តផ្នែកខាងក្រោមទំនប់៧មករា នៅគ្រប់គ្រងបាន។ ទឹកអាចស្រកចុះនៅពេលរសៀល ឬយប់ថ្ងៃនេះ ៕

អែល វិចិត្រ


Telegram