រាជធានីភ្នំពេញ ៖ កងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញជួយសង្គ្រោះករណី បុរសម្នាក់ ជាជនសង្ស័យ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច ជិះម៉ូតូគេចជ្រុលទៅបុកលូ ដួលរងរបួសបាក់ជើងឆ្វេង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យរងរបួសបាក់ជើងឆ្វេង ត្រូវបានសមត្ថកិច្ចស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់ទូរសព្ទពីស្រ្តីរងគ្រោះម្នាក់ជិះម៉ូតូជាមួយប្តី និងកូនមិនបានសម្រេច ជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរម៉កដឹកពូក ធ្វើដំណើរនៅពីមុខ រួចរេចង្កូតបុកលូ ទៅធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលឲ្យម្នាក់បាក់ជើង និងម្នាក់ទៀតរត់គេចខ្លួន តែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋតាមឃាត់បានស្វាគមន៍ម្នាក់មួយដៃ មួយជើង ហើមពេញផ្ទៃមុខ រួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ជើងឆ្វេង។ ជនសង្ស័យទី២មានឈ្មោះ សៀវ សារុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមការបញ្ជាក់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តី និងកូនស្រីម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JR-0399 ជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក្បែរផ្លូវរថភ្លើង ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JB-6024 ជិះឌុបគ្នាធ្វើដំណើរមកពីក្រោយ ស្របទិសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿន រួចបង្អង់ល្បឿនម៉ូតូ ជិះទៅជិតស្រ្តីរងគ្រោះ និងបានធ្វើសកម្មភាព ឈោងដៃឆក់យកទូរសព្ទមួយគ្រឿងនៅក្នុងហោប៉ាវ ពីស្រ្តីរងគ្រោះ តែមិនបានសម្រេច ដោយស្រ្តីរូបនោះបានចាប់ទាញដៃប្រតាយប្រតប់គ្នា បណ្តាលឲ្យម៉ូតូជនសង្ស័យ ជ្រុលទៅបុកម៉ូតូសណ្តោងរម៉កដឹកពូក បើកនៅពីមុខស្របទិសគ្នា រួចរេចង្កូតបុកលូធ្លាក់ចូលក្នុងប្រឡាយទឹក ផ្អើលពលរដ្ឋជិតខាង និងអ្នករួមដំណើរតាមដងផ្លូវ ចុះទៅស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យបុរសជនសង្ស័យម្នាក់ រងរបួសហើមពេញផ្ទៃមុខ។ ចំណែកជនសង្ស័យម្នាក់ទៀត បានបាក់ជើងមួយចំហៀង ត្រូវបានរថយន្តសង្រ្គោះ៧១១ កងពលតូងលេខ៧០ដឹក ទៅសង្រ្គោះភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់យកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី៣សួរនាំបន្ត និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីចាត់ការជនសង្ស័យទាំង២នាក់បន្តទៅផ្លូវច្បាប់ ខណៈជនសង្ស័យម្នាក់ទៀត បាក់ជើងកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕ អែល មេសា