រាជធានីភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ធ្លាក់ជង្ហុកដួល ស្របពេលរថយន្ដបែនដឹកខ្សាច់ ចាប់ហ្វ្រាំងមិនទាន់ កិនស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ នាវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានដែលដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូHONDA Dream ដែលពាក់ស្លាកលេខ កំពង់ចាម 1AC-0400 ឌុបគ្នាចេញពីធ្វើការ ជិះវ៉ារថយន្ដដឹកខ្សាច់ធុនធំ រួចក៏ធ្លាក់ជង្ហុកដួល ស្របពេលនោះ ក៏មានរថយន្ដដឹកខ្សាច់ដែលពាក់ស្លាកលេខ ចង្កូតស្ដាំ PP-3534 បើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ កិនបណ្ដាលស្លាប់ម្នាក់ និងរងរបួសម្នាក់ ។ ចំណែកអ្នកបើករថយន្ត ត្រូវបានពលរដ្ឋជួយឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្ដ និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕ Mrr Ka