រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោង ៣និង ៥៣នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឲ្យបានដឹងថា ដោយសារកំណើនយានយន្តលើស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកអោយចរាចរទាំងសងខាងស្ពាន ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៨:០០ តទៅ!
ជាមួយគ្នា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរចារណ៍ បើកបរគោរពគន្លងផ្លូវឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ស្ពានខ្សែកាបតភ្ជាប់រវាងកោះពេជ្រនិងកោះនរា ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានប្រវែង៨៤៤ម៉ែត្រ ទទឹង២៤,៥០ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ។ ស្ពាននេះចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមទុនវិនិយោគតម្លៃ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា(OCIC)ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕