រាជធានីភ្នំពេញ ៖ មកដឹងលម្អិត ជុំវិញករណីឃាតកម្ម ដែលជនដៃដល់ជាឪពុក បានធ្វើសកម្មភាព សម្លាប់កូនខ្លួនឯងអាយុ២ខួប រួចលាក់សពនៅលើថ្នើរពិដានបន្ទប់ទឹក ខណៈសាច់ញាតិបាត់កូនបាត់ចៅ ខំដើររកផង ប្តឹងសមត្ថកិច្ចផង នៅតែមិនឃើញ ចុងក្រោយសង្ស័យ ក៏អើតមើលលើធ្នើរបន្ទប់ទឹក បែរជាឃើញសពក្មេងតូចខាងលើនេះតែម្តង ។
សូមបញ្ជាក់ថា តាមរបាយការណ៍ពីសមត្ថកិច្ច ជនសង្ស័យបានបោក សម្លាប់កូនខ្លួនឯង កាលពីនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើដំបូលបន្ទប់ទឹក ក្ដាកុងប្លាកេ ផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤និង៣០នាទីល្ងាច កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងគណ:បញ្ជាការខណ្ឌបឹងកេងកង ធ្វើឃាត់ខ្លួនជនសង្ស័យជាឪពុក នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យជាជនដៃដល់ និងជាឪពុកចិត្តខ្មៅខាងលើ មានឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបររើសអេតចាយ (មានសារធាតុញៀន)។
ចំណែកកូនប្រុសដែលខ្លួនបោកសម្លាប់ មានឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ខួប ស្នាក់នៅផ្ទះលេខ១ បន្ទប់គ្មានលេខ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងប្រពន្ធជាជនរងគ្រោះម្នាក់ទៀតឈ្មោះ ស៊ឹម រំដួល ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ។
របាយការណ៍សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៦និង១៥នាទី ឈ្មោះ ស៊ឹម បុប្ផា បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ថាបានបាត់ក្មួយឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ខួប ។ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច ដោយមានការសង្ស័យលើឈ្មោះ ភួង ភី ដែលត្រូវជាឪពុកក្មេងរងគ្រោះ ព្រោះចាប់ពីពេលបាត់ក្មេងរងគ្រោះ ឈ្មោះ ភួង ភី មិនដែលចូលដេកក្នុងបន្ទប់ ។ បន្ទាប់មកក៏បានបើកទ្វារចូលបន្ទប់រកមើល តែរកពុំឃើញក៏ចេញមកវិញ តែពុំអស់ចិត្ដក៏ចូលរកមើលម្ដងទៀត បានឡើងរកមើលលើដំបូលបន្ទប់ទឹក ក្ដាកុងប្លាកេ ក៏ឃើញសពក្មេងរងគ្រោះតែម្ដង ទើបប្រញាប់រាយការណ៍មកសមត្ថកិច្ច។
ភ្លាមនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿងហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាំយកមកប៉ុស្ដិ៍នគរបាលទួលស្វាយព្រៃទី១ តែម្ដង។
ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះ ភួង ភី បានសារភាពថា រូបខ្លួនពិតជាបានសម្លាប់កូនរបស់ខ្លួន ប្រាកដមែន ដោយលើកបោះឡើង ធ្លាក់មកវិញ រួចបោកបន្ថែមបណ្ដាលឲ្យស្លាប់ រួចក៏បោះចូលទៅលើដំបូលបន្ទប់ទឹកក្ដាប្លាកេ ក៏ទើរនៅទីនោះតែម្ដង។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ក្មេងរងគ្រោះ ស្លាប់ដោយសារប៉ះទង្កិចក្បាលធ្ងន់ធ្ងរ (បែករលាក្បាល) ដោយអំពើ ឃាតកម្មគិតទុកជាមុន ។
បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពក្មេងរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ វិចិត្រ+មេសា