ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទី ចំណុច ភូមិពពាលខែ២ ឃុំភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានចំនួន៣នាក់ រួមមាន ៖
១.ឈ្មោះ អ៊ុច ភារម្យ (ហៅគម) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម)
២.ឈ្មោះ ខាត់ ចិន្តា (ហៅស្នៅ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម)
៣.ឈ្មោះ ផល ស៊ីឡូ (ហៅក្លូ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម)។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៤កញ្ចាប់តូច, ទូរសព្ទ័ចំនួន០១គ្រឿងម៉ាកណូគាចុចពិល, ម៉ូតូចំនួន០១គ្រឿង ម៉ាកគុបជ្រុង c៩០ ពាក់ស្លាកលេខ ភ្នំពេញ ១B ៩០៥៥។
មុននឹងឈានដល់ការបង្ក្រាបខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានជិះល្បាត តាមភូមិសាស្រ្តឃុំដីឥដ្ឋ ពេលមកដល់ក្បែរចំណុចកើតហេតុស្រាប់តែឃើញជនសង្សយ័ចំនួន០២នាក់ ឈ្មោះ អ៊ុច ភារម្យ(ហៅគម) និង ឈ្មោះ ខាត់ ចិន្តា (ហៅស្នៅ) កំពុងឈរនិយាយគ្នាក្រោមដើមក្ងោក ផ្លូវលំ ស្ថិតក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានចូលទៅសួរនាំ ហើយធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន
(ម៉ាទឹកកក)ចំនួន០៤កញ្ចប់តូច នៅនឹងឈ្មោះ អ៊ុច ភារម្យ (ហៅគម) ភេទប្រុស ។ ក្រោយមកកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងខាងលើ មកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ អ៊ុច ភារម្យ (ហៅគម) បានសារភាពថា ម្សៅក្រាមពណ៌សថ្លា សង្សយ័សារធាតុញៀន ( ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សម្នាក់ នៅក្រុងតាខ្មៅមកចែកចាយបន្តហើយឈ្មោះ អ៊ុច ភារម្យ បានសារភាពបន្តទៀតថា យប់មិញថ្ងៃទី ២២ ខែតុលា ២០២៣ វេលាម៉ោងប្រហែល ១៩: ២០នាទី ឈ្មោះ ផល ស៊ីឡូ ហៅក្លូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រើអោយខ្លួនទៅទិញ ថ្នាំញៀនចំនួន០១កញ្ចប់ធំ តំលៃ៦០០០០០រៀល (ហុកសិបម៉ឺនរៀល) ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ អាយុប្រហែល៣១ ឆ្នាំ ជនជាតិវៀតណាម នៅម្តុំសេះសរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ហើយកន្លងមកឈ្មោះ ផល ស៊ីឡូ ហៅក្លូ បានប្រើខ្លួនទៅយកថ្នាំញៀនចំនួន០២ដងមកហើយ។
ចំណែកឈ្មោះ ខាត់ ចិន្តា (ហៅស្នៅ) ភេទប្រុស បានសារភាពថា ខ្លួនធ្លាប់មកទិញថ្នាំញៀន(ម៉ាទឹកកក) ពីឈ្មោះ អ៊ុច ភារម្យ (គម) ចំនួន០៥ ដងមកហើយ ដោយក្នុងមួយដងៗ ចំនួន ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល យកមកប្រើប្រាស់និងចែកចាយបន្ត។
ក្រោយបានចម្លើយសារភាពរបស់ឈ្មោះ អ៊ុច ភារម្យ(គម) រួច សមត្ថកិច្ចបានបន្តស្រាវជ្រាវរកឈ្មោះ ផល ស៊ីឡូ(ក្លូ) ភេទប្រុស រហូតដល់ម៉ោង១៦:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ ផល ស៊ីឡូ (ក្លូ) បាននៅចំណុច ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល និងបាននាំខ្លួន ឈ្មោះ ផល ស៊ីឡូ (ក្លូ) យកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំបន្ត
នៅចំពោះមុខសមត្ថកិច្ជជនសង្ស័យឈ្មោះ ផល ស៊ីឡូ(ក្លូ)បានសារភាពថា កាលពីយប់មិញ ខ្លួនពិតជាបានប្រើអោយ ឈ្មោះ អ៊ុច ភារម្យ (គម) ទៅទិញថ្នាំញៀនតំលៃ ៦០០០០០រៀល នៅសេះសរ ក្រុងតាខ្មៅ ពិតប្រាកដមែន ហើយថ្នាំញៀននោះខ្លួនបានលក់អោយគេអស់យប់មិញនៅម៉ោង ២១:៣០នាទី ថ្ងៃទី ២២.១០.២០២៣ អោយទៅមនុស្សប្រុស ០៣នាក់ មកពីខាងចុងខ្សាច់ ស្ថិតនៅ ភូមិអង្គរជ័យឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយក្នុងម្នាក់ មួយកញ្ចប់តំលៃ ២០០០០០រៀល ហើយកន្លងមកឈ្មោះ ផល ស៊ីឡូ(ក្លូ) បានប្រើអោយឈ្មោះ អ៊ុច ភារម្យ (គម) ទៅទិញថ្នាំញៀន នៅក្រុងតាខ្មៅ ចំនួន០៣ដងមក ហើយដោយទិញម្តងៗតំលៃ ៤០០០០០រៀល ទៅ ៦០០០០០រៀល ដើម្បីយកមកលក់បន្ត។
ក្រោយពីសាកសួរលើមុខសញ្ញាទាំង០៣នាក់ រួចហើយកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ