រាជធានីភ្នំពេញ ៖ កូនៗចាំនៅផ្ទះ មិនដឹងម៉ែឪ ត្រូវឡានបុកស្លាប់ទាំង២នាក់ទេ ពុទ្ធោអើយ នេះជាសំឡេងស្រែកទ្រហ៊ោយំរបស់សាច់ញាតិ និងអ៊ំស្រីជាម្តាយរបស់សព អាណិតកូនផង អាណិតចៅផង ស្ទើរបែកដើមទ្រូង ព្រាត់ស្លាប់ទាំងគូ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកព្រូស មួយគ្រឿង បើកលឿនមកបុកពីក្រោយរម៉កដឹកសាច់ជ្រូក ពេញទំហឹង ផ្លោងរ៉ឺម៉កទៅបោកផ្ទប់នឹងបង្គោលស្លាកសញ្ញា បាក់មួយដើម ស្លាប់អ្នកជិះរម៉កទាំងប្តី ទាំងប្រពន្ធ ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១២និង៤៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
សាច់ញាតិបានឲ្យដឹងថា សពទាំង២នាក់ប្តីប្រពន្ធ ប្តីមានឈ្មោះ ឈឿន ស៊ាង ភេទប្រុស អាយុ៤០ឆ្នាំជាង មុខរបរលក់ដូរ រស់នៅផ្ទះម្តុំផ្សារជម្ពូវន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ចំណែកប្រពន្ធ មានឈ្មោះ អ៊ីហ្សាន់ ភេទស្រី អាយុ៤០ឆ្នាំជាង រស់នៅជាមួយគ្នា។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានបើកម៉ូតូសណ្តោងរម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GE-7880 តាមបណ្ដោយផ្លូវវេងស្រេង ពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ដើម្បីទៅយកសាច់ជ្រូកពីលូប្រាំ មកលក់នៅផ្សារជម្ពូវន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម មិនចាំស្លាកលេខ បើកមកពីក្រោយស្របទិសគ្នាលឿនណាស់ បានបុកពីក្រោយម៉ូតូសណ្តោងរម៉កពេញទំហឹង ផ្លោងទៅបោកផ្ទប់បង្គោលស្លាកសញ្ញា បាក់១ដើម រម៉កវិញក្រឡាប់ផ្ងារជើង ខ្ទាតទាំង២នាក់ប្តីប្រពន្ធ ចេញពីគ្នា ស្លាប់ទាំង២នាក់ យ៉ាងរន្ធត់បំផុតក្នុងថ្លុកឈាម ។ ចំណែករថយន្តបង្កវិញ គ្មានភាពទទួលខុសត្រូវក្នុងខ្លួន បង្កគ្រោះថ្នាក់ផ្តាច់ជីវិត២នាក់ប្តីប្រពន្ធ ទុកឲ្យកូនៗគេកំព្រាហើយ បើកបត់ត្រឡប់ក្រោយ រត់បាត់ទៅតាមផ្លូវជាតិលេខ ៤វិញ។ ខណៈបងប្អូនប្រជាពលរដ្ឋ សំណូមពរសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់រថយន្តបង្កខាងលើ ឲ្យខាងតែបាន ដើម្បីមកទទួលខុសត្រូវតាមច្បាប់ កុំបុកគេស្លាប់ទាំងប្តី ទាំងប្រពន្ធហើយ បើករត់គ្មានទំនួលខុសត្រូវក្នុងខ្លួនបែបនេះ ចុះបើចំគ្រួសារសាច់ញាតិ បងប្អូនរបស់អ្នកវិញ តើអ្នកមានអារម្មណ៍យ៉ាងណា ?
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ មានទាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកម៉ូតូសណ្តោងរម៉កខាងលើ ទៅរក្សាទុក និងស្រាវជ្រាវតាមរករថយន្តបង្កខាងលើ មកចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕