រាជធានីភ្នំពេញ៖ ឆ្ងាញ់ណាស់ ឆក់ទ្រព្យសម្បត្តិគេដែលគេខំរកមកដោយលំបាកនឹង ចៃដន្យអស់លក្ខណ៍ចំថ្ងៃស៊យ ចេញឆក់ខ្សែកមាសគេ ទាំងព្រឹកព្រលឹមបានសម្រេច ត្រូវជនរងគ្រោះនិងសមត្ថកិច្ចដេញចាប់បាន ផ្អើលប្រជាពលរដ្ឋស្វាគមន៍ចាស់ដៃទ្រមខ្លួននៅនឹងរបាំងថ្មចែកទ្រូងផ្លូវ ចេះស្រែកអូយឈឺដែរ និងបានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចយកទៅសួរនាំបន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ប្រហែល០៦និង២០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព ឆក់ខ្សែកមាសទម្ងន់៥ជី នៅចំណុចមុខអ៊ីម៉ាន់នី វេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ដកហូតបាន ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2022 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8329547 (ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងខ្សែកមាស១ខ្សែមានទម្ងន់៥ជី (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះឆក់យក) បានធ្វើការប្រគល់ជូនជនរងគ្រោះ ឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ វិញ តាមការស្នើសុំ ។
ពេលនេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ មេសា