មិនដឹងប្រើចំរថយន្ត និង ម៉ូតូបងប្អូនអ្នកណាខ្លះទេខូចអស់ហើយបើយ៉ាងហ្នឹង! ប្រេងម៉ាស៊ីនក្លែងក្លាយជិត៤០តោន ត្រូវបានមន្ត្រីជំនាញចុះបង្ក្រាបនៅរាជធានីភ្នំពេញ!
សន្តិសុខសង្គម
80

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមពីមន្ត្រីជំនាញ ក.ប.ប កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ ធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមពីមន្ត្រីជំនាញ ក.ប.ប កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី សង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ ជាច្រើនប្រភេទ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញស្ទាក់ឃាត់នូវរថយន្តមួយគ្រឿង ដែលបានដឹកប្រេងរំអិល សង្ស័យខុសច្បាប់ ចេញពីទីតាំងខាងលើ ។ សមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបម្រើឲ្យការងារវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទ សរុបទាំងអស់ប្រមាណ ជិត ៤០តោន ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារៈសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការឡើយ ដោយឲ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូចនេះសមត្ថកិច្ចក៏តម្រូវឲ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ជាលើកទីពីរហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ បន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែមក ។ ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន បើសិនជាបានដឹងពីការផលិត កែច្នៃ ឬចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456 966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមានភាពសាធារណៈ ៕ មេសា


Telegram