ទំនិញក្លែងក្លាយខុសច្បាប់ មានទាំងគ្រឿងសម្អាង​ សាច់ សារធាតុគីមី ឱសថ សរុបជាង៥០តោន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកនេះ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់កន្លងមក
សន្តិសុខសង្គម
200

រាជធានីភ្នំពេញ ​៖ ផលិតផលទំនិញខុសច្បាប់ ជាង៥០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នា ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដែលប្រព្រឹត្តិទៅ ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមអគ្គស្នងការ និងដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋាន មន្ត្រីកាំកុងត្រូល ស្ថាប័ន្ថតំណាងអយ្យការ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ ។

ឯកឧត្តម មួង សុធា បានមានប្រសាសន៍ឱ្យដឹងថា ៖ ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមានទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាតិ, ផលិតផលគ្រឿងសំអាងលាយសារធាតុ គីមីខុសច្បាប់ ,ឱសថហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រម ទាំងសារធាតុគីមីខុសច្បាប់ជាដើម ។ ដែលកន្លងទៅ នគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ ។

ឯកឧត្តម បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែង របស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។

ក្នុងនោះដែរ ឯកឧត្តមក៏បានបន្ថែមថា ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន និងកំពុងបន្តខិតខំអនុវត្តតាមតួនាទី ភារៈកិច្ច និងដាក់ចេញនូវទិសដៅការងារ បស់ខ្លួន ស្រមតាមផនការ យុទ្ឋសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថ កិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ខឿន សន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ឋ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង និងសុំដល់វិនិយោគគិន វិស័យឯកជននានា ក៏ដូចជាប្រជាពលរដ្ឋឲ្យមានទំនុកចិត្តមកលើសមត្ថកិច្ចរបស់យើង ក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ពិសេសសំណូមពរដល់សមត្ថកិច្ចជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តផ្តល់ព័ត៌មាន និងជួយសហការល្អបន្តទៀត ៕ អែល មេសា


Telegram