រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយមានបុរសម្នាក់យកដុំថ្មគប់ជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុរសខាងលើ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី ។
ការឃាត់ខ្លួននេះ ធ្វើឡើង ខណៈជនសង្ស័យរូបនេះ តែងតែយកដុំថ្ម គប់បំផ្លាញជញ្ជាំងផ្ទះអ្នកជិតខាង ស្ទើរជារៀងរាល់ថ្ងៃ នៅចំណុចផ្ទះលេខ២៦៩ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យខាងលើមាន ឈ្មោះ អ៊ូ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ មានសារធាតុញៀន ។
ក្រោយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍ធ្វើការសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕