សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះពលរដ្ឋដែលជឿទុកចិត្តថា មានតែការបោះឆ្នោតទេជាមធ្យោបាយដែលល្អ ក្នុងការជ្រើសរើសមេដឹកនាំ
ព័ត៌មានជាតិ
296

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះពលរដ្ឋដែលជឿទុកចិត្តថា មានតែការបោះឆ្នោតទេជាមធ្យោបាយដែលល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស និងធានាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍប្រទស។

ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រសហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុង ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថានៅទូទាំងប្រទេសជាង៨៤ភាគរយ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបំពេញកាតព្វកិច្ចទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៧ កាលពីពេលកន្លងទៅនេះ បង្ហាញឱ្យឃើញថា ពួកគាត់ជឿជាក់ថា មានតែការបោះឆ្នោតទេជាមធ្យោបាយដែលល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស ដែលមិនមែនតាមរយៈការធ្វើបាតុកម្ម បង្កចលាចលក្នុងសង្គមនោះទេ។

សម្តេចធិបតី បានបន្តថា មានតែការបោះឆ្នោត៥ឆ្នាំម្តង តាមរដ្ឋធម្មនុញ្ញ ក្នុងការសំដែងមតិនូវសិទ្ធិសេរីភាពរបស់ខ្លួនជាប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសជ្រើសរើសអ្នកដែលខ្លួនទុកចិត្តឱ្យដឹកនាំប្រទេស ដែលនេះហើយគឺជាមធ្យមបាយល្អ ក្នុងការធានាបាននូវសុខសន្តិភាព។

សម្តេចធិបតី បានបញ្ជាក់ថា បើគ្មានសុខសន្តិភាពនោះទេ ទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយក៏គ្មានក្ដីសុខដែរ ជាក់ស្តែងបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាលីស្ទីន និងរុស្ស៊ី-អ៊ុយក្រែនជាឧទាហរណ៍។ សម្តេចធិតបតី បានបញ្ជាក់បន្ថែមថា ការចង់ឈ្នះឆ្នោត ដោយប្រើនូវសង្គ្រាមឬការញុះញង់ឱ្យបំផ្លាញនូវសន្តិភាពមិនមែនជាជម្រើសល្អនោះទេ ដែលអាចមើលឃើញបានតាមរយៈស្ថានភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន បើទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែមិនអាចមានក្ដីសុខនោះដែរ។

« អ៊ីចឹងសន្តិភាព និងការអភិវឌ្ឍដែលបងប្អូនបានទទួលនេះ ជាពិសេសសំឡេងលើសលុបនៃការបោះឆ្នោត មិនត្រឹមតែចូលរួមក្នុងការជ្រើសរើសរាជរដ្ឋាភិបាលដោយប្រសិទ្ធិភាព ដើម្បីអនាគតរបស់ខ្លួនទេ ប៉ុន្តែចូលរួមសំខាន់ណាស់នៅក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសយើងខ្ញុំសូមអរគុណច្រើនណាស់។

ដូចខ្ញុំនិយាយអ៊ីចឹងបើយើងមិនអនុវត្តន៍សិទ្ធិសេរីភាពនៅក្នុងការប្តូរឬមួយជ្រើសរើសមេដឹកនាំរបស់យើង ទៅតាមរដ្ឋធម្មនុញ្ញឬសន្តិវិធី តាមរយៈការបោះឆ្នោតនោះទេ តែផ្ទុយទៅវិញតាមរយៈការអំពាវនាវបាតុកម្មទម្លាក់ បដិវត្តនេះ បដិវត្តនោះ ឬធ្វើរដ្ឋប្រហារដូចកាលពីឆ្នាំ១៩៧០ យើងគ្មានសន្តិភាពទេ។ បើប្រជាពលរដ្ឋមិនចូលរួម អនុវត្តន៍នូវសិទ្ធិរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញមិនបោះឆ្នោត ហើយមិនបោះឆ្នោតតាមរយៈមធ្យោបាយនេះទេ ប្រទេសយើងនឹងភ្លើងសង្គ្រោម » ៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP


Telegram