យោងតាមផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនៅវេលាម៉ោង ៣និង ៣៨នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះទាំងស្រុងថា « នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំលោកជំទាវ ប្រហុក ព្រមទាំង កូនចៅ ញាតិមិត្តចំនួន២៩នាក់ មកថ្វាយបង្គុំ ព្រះថេរធម្ម វន វាសី ចន្ទមុនី ដោយផ្ទាល់ដើម្បីសុំពុទ្ធឱវាទពីព្រះអង្គ» ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្តថា អ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំ យ៉ាងសំខាន់នោះគឺ ខ្ញុំតែងតែងើយសំឡឹងមើលព្រះភ័ក្ត្រព្រះអង្គ ជាញឹកញាប់មើលម្តងដូចជាក្មេង មើលម្តងទៀតដូចជាមនុស្សចាស់ មិនអស់ចិត្តមកសាកសួរក្មួយ ហ៊ុន ជា ក្មួយបានប្រាប់ថាព្រះអង្គមានព្រះជន្មាយុត្រឹមតែ ២៨ព្រះវស្សា តែប៉ុណ្ណឹងទេពូ។ ព្រះអង្គបានប្រទានពុទ្ធឱវាទប្រហែលជា២០នាទី ព្រះអង្គបានរំលឹកបីដងថា រាល់អំពើល្អជាច្រើនដែលអាត្មាបាននិយាយនេះ ញោមបានធ្វើច្រើនណាស់មកហើយ អាត្មា គ្រាន់តែនិយាយអោយ កូនចៅ ជំនាន់ក្រោយៗយកតម្រាប់តាមតែប៉ុណ្ណោះទេ នៅពេលដែលខ្ញុំបាន ចោទសួរទៅព្រះអង្គគ្រូថា ហេតុអ្វីបានជាព្រះអង្គដឹងប្រវត្តិ ករុណា ច្បាស់ម្ល៉េះ តើដឹងតាមផ្លូវងងឹត ឬផ្លូវភ្លឺ ព្រះអង្គបានឆ្លើយថា ពេលនេះអាត្មា មិនអាចប្រាប់បានទេ មានកាមេរ៉ាច្រើនណាស់ បើទោះបីជាខ្ញុំខំរកវិធីសាកសួរយ៉ាងណាក៏ដោយ លោកនៅតែមិនប្រាប់ដដែល ពេលខ្ញុំ មកសាកសួរលោកក្មួយ ហ៊ុន ជា ថាព្រះគ្រូ មានប្រើបណ្ដាញសង្គមហ្វេសប៊ុក ដែរឬអត់ទេ? លោកក្មួយ បានប្រាប់ថា លោកមិនមានប្រើ អ្វីទាំងអស់ តែខ្ញុំមានចំណាប់អារម្មណ៍មួយ នៅពេលដែលព្រះអង្គគ្រូផ្តល់ពុទ្ធឱវាទថា បុគ្គលដែលបានសាងអំពើអាក្រក់ និងបុគ្គលដែលបានសាងនូវអំពើល្អ បុគ្គលនោះ រមែងតែងតែដឹងពីអំពើដែលខ្លួនឯងបានសាងទាំងអស់។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្តទៀតថា ជាចុងក្រោយខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកក្មួយ ហ៊ុន ជា ដែលបានទទួលពូ និងមីង ព្រមទាំងគណៈប្រតិភូ ជាពិសេសទទួលអាហារថ្ងៃត្រង់ ក្រោមម្លប់អំពិលទឹកបារាំងនៅក្នុងវត្ត អរគុណអាជ្ញាធរដែនដី ប្រជាជន ក្មេង ចាស់ប្រុសស្រីទាំងអស់គ្នា ដែលបានមកទទួលយ៉ាងរីករាយរាក់ទាក់កក់ក្ដៅបំផុតនេះ សូមញាតិញោមមកចូលរួមទទួលយកអនុមោទនាបុណ្យទាំងអស់គ្នា ៕