រាជធានីភ្នំពេញ ៖ យុវជនម្នាក់អះអាងថា ត្រូវបានគេវាយប្លន់យកម៉ូតូបានសម្រច នៅចំណុចផ្លូវលំ ភូមិបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានពីយុវជនម្នាក់ ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះ ត្រូវបានគេវាយប្លន់យកម៉ូតូទៅបានសម្រេច បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្លូវ២០០៤ ដើម្បីឆ្ពោះទៅផ្ទះវិញ លុះជិះទៅដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏មានរឿងឈ្លោះប្រកែកគ្នា ហើយក៏ឃើញបុរស២នាក់ដើរតាមផ្លូវ ហើយក៏សួរនាំថា បងចេញទៅណា ភ្លាមនោះបុរស២នាក់ខាងលើ បាននិយាយថា ជួយដឹកគាត់ទៅផ្ទះនៅផ្លូវលំមួយកន្លែង ជនរងគ្រោះក៏យល់ព្រមដឹកបុរសទាំង២នាក់នោះមកផ្លូវលំមួយកន្លែង ស្រាប់តែដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់គាត់បានសម្រេច ភ្លាមនោះ ជនរងគ្រោះក៏បានស្រែកឆោឡោឲ្យគេជួយដែរ តែដោយសារកន្លែងស្ងាត់ ជនសង្ស័យក៏យកម៉ូតូគាត់ជិះគេចខ្លួនបាត់តែម្តង ។
ទោះបីជាយ៉ាងណា នេះជាការអះអាងរបស់យុវជនខាងលើប៉ុណ្ណោះ ហើយក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យយុវជនខាងលើ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវបន្តជុំវិញករណីនេះ និងជួយស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ Mrr Ka