រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើង លេខ៣១ ផលិតបានសាប៊ូលាងចាន ចូលរួមពិព័រណ៍ពាណិជ្ជកម្មផលិតផលសេដ្ឋកិច្ច ការពារជាតិ កម្ពុជា វៀតណាម ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្រពីថ្ងៃទី២៥ដល់២៩ ខែតុលា ឆ្នាំ ២០២៣ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឧត្តមសេនីយ៍ទោ សែត សុខុម គណៈគ្រប់គ្រងមជ្ឈមណ្ឌលបានមានប្រសាសន៍ថា ផលិតផលនេះ គឺកើតចេញពីផ្នែកមួយ នៃការបណ្តុះបណ្តាលចំណេះជំនាញ ដល់ជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងស្នាក់នៅបន្សាបព្យាបាល ផ្តាច់ភាពញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ដែលមានទីតាំងនៅភូមិបាក់នឹម ឃុំច្រែស ស្រុកជុំគិរី ខេត្តកំពត។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ននេះទទួលព្យាបាលជនរងគ្រោះដោយសារគ្រឿងញៀនបានជាសះស្បើយចំនួន ២,៦០០ នាក់ហើយ៕