រាជធានីភ្នំពេញ ៖ ជនសង្ស័យ២ នាក់ធ្វើសកម្មភាព ឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋ រួចរត់ឡើងជិះម៉ូតូបក្ខពួកដែលកំពុងបញ្ឆេះនៅចាំស្រាប់ តែជនរងគ្រោះក៏បានស្ទុះទៅចាប់ទាញដៃអាវជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយ បណ្តាលឱ្យដួលម៉ូតូរបស់ជនសង្ស័យ ឃាត់ខ្លួនបានម្នាក់ ម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះលក់ចាប់ហួយ ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភាស់ ចន្ទ្រា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់សុភមង្គល ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ក្នុងនោះ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Iphone 11 ពណ៌ស្វាយ ចំនួន០១គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះកំពុងតែលក់ដូរនៅផ្ទះស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ ទី០១ឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ទី០២ឈ្មោះ រ៉ាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនស្គាល់ផ្លាកលេខ ឈប់នៅខាងមុខផ្ទះជនរងគ្រោះ រួចជនសង្ស័យឈ្មោះ រ៉ាក់ បានចុះពីលើម៉ូតូដើរមកទិញមីកំប៉ុង និងបារីម៉ាកម៉ៃសេវេនពី ជនរងគ្រោះ។
ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃម៉ាក Iphone 11 ពណ៌ស្វាយ ទូរស័ព្ទទៅរកឪពុកបង្កើតឈ្មោះ លឿ ភាស់ អាយុ ៤១ឆ្នាំ ដើម្បីសួរតម្លៃបារីម៉ាកម៉ៃសេវេនលក់ម៉េច? ស្រាប់តែជនសង្ស័យឈ្មោះ រ៉ាក់ បានធ្វើសកម្មភាព ឆក់ យកទូរស័ព្ទ ដៃពីជនរងគ្រោះបានសម្រេច រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ដែល បញ្ឆេះនៅចាំស្រាប់ រួចជនរងគ្រោះក៏បានស្ទុះទៅចាប់ទាញដៃអាវជនសង្ស័យឈ្មោះ រ៉ាក់ ដែលអង្គុយខាងក្រោយ បណ្តាលឱ្យដួល ម៉ូតូរបស់ជនសង្ស័យ ហើយជនសង្ស័យឈ្មោះ រ៉ាក់ ក៏បានស្ទុះឡើងលើកម៉ូតូជិះបើកគេចខ្លួនទៅ ទិស ខាងលិចបាត់។ រួចជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ហើយទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា បានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ រ៉ាក់ ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចឈ្មោះ លឿ ភាស់ (ឪពុកបង្កើតរបស់ ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីមាន ចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ