ខេត្តបាត់ដំបង ៖ យោងតាមផេក GRK News បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំណុចស្ពានត្រស់ស្ថិតនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមមាន ៖
១,ឈ្មោះ ប៊ូ សុផាត (ហៅហ៊ុល) ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២,ឈ្មោះ លី ធារិទ្ឋ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងធ្វើការដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន ២៥ កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម, រថយន្ត ០១ គ្រឿង, ទូរស័ព្ទដៃ ០២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងកំពុងអនុវត្តតាមនីតិវិធីច្បាប់ ៕