ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាដោយចេតនាដេញវាយកាប់ចាក់គ្នា នៅចំណុចសួនមានជ័យ (វេទិការ) ស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទី មានក្មេងទំនើង២ក្រុមបានឈ្លោះទាស់ទែងគ្នា និងបានយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យផ្អើលគេឯងនៅចំណុចសួនមានជ័យ (វេទិការ) ក្រុងសិរីសោភ័ណ មនុស្សរត់អស់ ទើបកាប់បំផ្លាញឲ្យខូចខាតម៉ូតូ២គ្រឿងរបស់គូជម្លោះ។
លោកអធិការ បានបញ្ជាក់ថា ៖ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចុះស្រាវជ្រាវមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ៧នាក់ រួមមាន ៖ ១-ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ, ៣-ឈ្មោះ អុល សំណាង អាយុ១៤ឆ្នាំ, ៤-ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ, ៦-ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ, ៧-ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖ ដាវស៊ាំម៉ូរ៉ៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើអោយខូចខាត។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ស្ថិតក្នុងការសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕