រាជធានីភ្នំពេញ៖ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹង
បញ្ហាសណ្ដាប់ធ្នាប់ នៅតែជាបញ្ហាប្រឈម ជុំវិញករណីនេះប្រជាពលរដ្ឋលើកឡើងថា នៅចំណុចកំណាត់ផ្លូវលេខ៦៧ ចាប់ពីផ្លូវលេខ១៤២ ដល់ផ្លូវលេខ២១៧ ចន្លោះផ្សារសូរិយា និងផ្សារធំថ្មី មូលដ្ឋានសង្កាត់ផ្សារថ្មីទី១ ព្រំប្រទល់ជាមួយសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានក្រុមអ្នករត់តាក់ស៊ីរត់ដេញចាប់ម៉ូយប្រសេចប្រសាចពេញផ្លូវ មិនតែប៉ុណ្ណោះថែមទាំងយកចិញ្ចើមផ្លូវធ្វើជាចំណត បង្ករអោយមានការកកស្ទះពិបាកក្នុងការធ្វើចរាចរណ៍ខ្លាំងណាស់ ។
ជាមួយគ្នានោះប្រជាពលរដ្ឋបានស្នើសុំអោយអង្គភាព TVFB ជួយផ្សព្វផ្សាយ ដើម្បីអោយអាជ្ញាធរខណ្ឌមេត្តាយកចិត្តទុកដាក់នូវបញ្ហានេះផង ។ ប្រជាពលរដ្ឋលើកឡើងថាអាជ្ញាធរមូលដ្ឋានហាក់មិនខ្វល់ និងមិនយកចិត្តទុកដាក់ ដោះស្រាយ ចុះរៀបចំ អប់រំណែនាំ បើទោះបីជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញជាបន្តបន្ទាប់ឲ្យអាជ្ញាធរថ្នាក់ខណ្ឌ ទាំង១៤ និងសង្កាត់ទាំង១០៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ពីបញ្ហាការកកស្ទះចរាចរណ៍ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ថែមទាំងបានសាងសង់ស្ពានអាកាស និងស្ពានថ្មើរជើង ជាច្រើនទីតាំងផងដែរ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ ងាយស្រួលក្នុងការធ្វើដំណើរ ។
ជាក់ស្តែងក្រុមការងារ TVFB បានចុះទៅថតយករូបភាពផ្ទាល់ គឺឃើញមានការចតរថយន្តជាច្រើនគ្រឿងលើផ្លូវសាធារណៈ ចាប់ម៉ូយយ៉ាងអណាធិបតេយ្យ ក្រុមអ្នករត់តាក់ស៊ីទាំងនោះមិនចូលចំណតត្រឹមត្រូវ បែរជានាំគ្នាយកផ្លូវសាធារណៈធ្វើជាចំណត ឬជាបេន ចល័ត ដើម្បីផលប្រយោជន៍ឯកជន លើផ្លូវសាធារណៈ ផ្ទុយទៅនឹងអនុសាស្ត្ររបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញទៅវិញ ។
ប្រជាពលរដ្ឋលើកឡើងថា ទីតាំងនេះ ជាទីតាំងបេនឡានចល័ត រាប់ឆ្នាំមកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ឬកម្លាំងសណ្ដាប់ធ្នាប់ពាក់ព័ន្ធចុះធ្វើការរៀបចំឬណែនាំឡើយ បណ្តែតបណ្ដោយឲ្យក្រុមអ្នករត់តាក់ស៊ី គ្មានសណ្ដាប់ធ្នាប់ រត់ដេញចាប់ម៉ូយប្រសេចប្រសាចពេញផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុផងដែរ ចំពោះអ្នកធ្វើដំណើរឆ្លងកាត់តាមតំបន់នេះ។
ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយសម្រួបរំដោះចិញ្ចើមផ្លូវខាងលើនេះផង ដើម្បីបញ្ចៀសបញ្ហាប្រឈមផ្សេងៗ ៕