រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើប TOYOTA ALPHARD បុកពីក្រោយរថយន្ដ TOYOTA COROLLA Cross ដែលកំពុងឈប់ស្តុប នៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដស៊េរីទំនើប TOYOTA ALPHARD មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BU-9798 បើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ មកដល់ស្ដុបក៏បើកទៅបុករថយន្ដ TOYOTA COROLLA Cross ពាក់ស្លាកលេខ កម្ពុជា LITA.XNG ពីក្រោយពេញមួយទំហឹងដែលកំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាត ។ ភ្លាមនោះនារីដែលត្រូវគេបុករថយន្ដពីក្រោយ ក៏បានតាមឃាត់ម្ចាស់រថយន្ដ ALPHARD ដែលចង់រត់ចេញពីកន្លែងកើតហេតុ ទើបតេហៅឪពុកអោយមកជួយនិយាយគ្នា រហូតឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃកផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្ដទាំងពីរ ទៅរក្សាទុករង់ការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka