រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលទាំងព្រះសង្ឃ ផ្អើលទាំងអ្នកភូមិ នាំគ្នាជួយជះទឹកពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលឆេះមានឈ្មោះ ពេជ្រ ណាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងចរន្តអគិ្គសនីឆេះផ្ទះឈើលើថ្មក្រោម ទំហំ៥ម៉ែត្រ X៨ម៉ែត្រ ខ្ទេចអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ភ្លាមៗគេឃើញមានការអន្តរាគមន៍ ពីខាងរថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន និងមានរថយន្តជំនួយ របស់ព្រលានយន្តហោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន រហូតរលត់ទៅវិញ នៅម៉ោង ៩និង៣០នាទីព្រឹកថ្ងៃដដែល ៕ អែល វិចិត្រ