រាជធានីភ្នំពេញ ៖ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។
ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
-នៅថ្ងៃទី៣១ ខែតុលា បណ្ដាខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។
-ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់តាមសមុទ្រ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
-ចំណែកឯ រាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០ % ទៅ ៦០%៕