រាជធានីភ្នំពេញ ៖ សាច់ញាតិមកដល់ទ្រហ៊ោយំបោកខ្លួនទទួលយកមិនបាន ខណៈទើបតែនិយាយទូរសព្ទជាមួយគ្នាមុននេះសោះ បែរជាគេតេមកម្តងទៀតប្រាប់ថា គាត់ស្លាប់ហើយ ស្លាប់ទាំងអស់ ២នាក់ ម្នាក់ទៀតរបួសធ្ងន់ណាស់ ប្រញាប់មកមើលផង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈយុវជន ៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹងខឿនផ្លូវ ហោះទៅបុកនៅបង្គោលភ្លើង បណ្ដាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1GP 3293 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងខឿន ហោះទៅមុខនឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់២នាក់នៅហ្នឹងកន្លែងកើតហេតុ។ រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកឯម៉ូតូវិញ ផ្លោងចម្ងាយជាង ១០០ម៉ែត្រ ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកឯសាកសពទាំង២នាក់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka