ខេត្តកណ្តាល ៖ នគរបាលស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលសកម្មខាង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ម៉ាទឹកកក ក្នុងមូលដ្ឋាន ដកហូតបាន៥៤កញ្ចប់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១១និង ៤៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស ធីដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀន ។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥៤ កញ្ចប់តូច, សម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរសព្ទ័ ០១គ្រឿងម៉ាកណូគាចុចពិល។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុច ផ្ទះរបស់ឈ្មោះ មាស ធីដេត ។ ក្រោយពីទទួលព័ត៌មានបានភ្លាម
កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលភូមិធំ សហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាស ធីដេត ដកហូតវត្ថុតាងបានម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ៥៤កញ្ចប់តូច និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលភូមិធំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះមាស ធីដេត បានសារភាពថា ថ្នាំញៀនចំនួន៥៤កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ ផ្លូច(មិនស្គាល់នាមត្រកូល) អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតម្លៃ៥០០០០០រៀល(ហាសិបម៉ឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ៕ អែល វិចិត្រ