ខេត្តកំពង់ស្ពឺ ៖ ឃ្លាំងលក់រថយន្ដមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលអោយឆេះរថយន្ដអស់ជាច្រើនគ្រឿង នៅចំណុចអូរវែង ឃុំកាហែង ស្រុកសំរោងទង វេលាម៉ោង ១២និង ៤៥នាទីយប់ឈានថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆេះការ៉ាស់ជួសជុល និងលក់រថយន្ដ ទំហំ២០ គុណ៣៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាម្ចាស់ឃ្លាំងនិងម្ចាស់ទីតាំង។
តាមការបញ្ជាក់ពីសមត្ថកិច្ច ករណីអគ្គិភ័យបានបំផ្លាញឃ្លាំងទំហំ២០ម៉ែត្រ ×៣៤ ម៉ែត្រ ធ្វើអំពីដែកជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ឆេះរថយន្ដLexus 470 ចំនួន ០១គ្រឿង , ឆេះរថយន្ដ Ford Ranger pickup ចំនួន ០២គ្រឿង, ឆេះរថយន្ដLand Cruiser ចំនួន ០២គ្រឿង, ឆេះរថយន្ដដឹកទំនិញ ចំនួន ០១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ) និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើមិនបណ្តាលឱ្យមានរបួសមនុស្ស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានម្ចាស់ការ និងជួយអន្ដរាគមន៍គ្រប់គ្រងមិនអោយអគ្គិភ័យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬលំនៅឋាននៅក្បែរទីតាំងឆេះ ដោយប្រើប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យចំនួន០៦គ្រឿង និងប្រើទឹកអស់០៧រថយន្ត។
តាមអ្វីដែលទទួលបានបឋមពីកន្លែងកើតហេតុគឺមូលហេតុ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែលដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផង រថយន្ដលក់ផង (មួយទឹក) ៕