ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយមានការផ្សព្វផ្សាយលើបណ្តាញសង្គម ករណី ក្មេងទំនើងមួយក្រុមកាន់កាំបិតប៉័ងតោ ដេញកាប់គ្នាពេញផ្លូវ ក្តឹបបងធំប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ចេញមកហើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ឲ្យបានជ្រាបថា ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងទាំងនោះជាបន្ទាន់។
ជាលទ្ធផល នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន បានមុខសញ្ញាចំនួន០២នាក់ហើយ។
ទោះបីជាយ៉ាងណា ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់ ដើម្បីឃាត់ខ្លួនក្មេងទំនើងខាងលើ យកមកចាត់ការតាមច្បាប់ ៕