រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងផ្ទះសំណាក់មួយកន្លែង ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ក្លែងបន្លំជាព្រះរាជសារ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ។ ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ យោងតាមផេក ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង ៖ ព្រះរាជសារដែលបានចុះផ្សាយក្នុងបណ្តាញសង្គមដោយជនអានាមិក គឺជាលិខិតក្លែងបន្លំ