នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន ក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមគ្នា ៧នាក់ ករណីវា...យត..ប់គ្នា ទៅលើយុវជនម្នាក់ កំពុងឈរនោមនៅរបងផ្ទះរបស់ខ្លួន មិនដឹងមូលហេតុ
សន្តិសុខសង្គម
327

ខេត្តកណ្តាល ៖ នគរបាលនៃអធិការដ្ឋានស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមគ្នា ៧នាក់ ក្រោយផ្ទុះហិ..ង្សាវា....យតប់គ្នា ទៅលើយុវជនម្នាក់ ជាអ្នកលក់ដូរ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ឆោឡោដល់ក្នុងវត្ត ដែលជាទីកន្លែងស្ងប់ស្ងាត់រក្សាធម៌ រក្សាសីស មិនខ្លាចបាបទាល់តែសោះ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង ១០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឃាត់ខ្លួនបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង ២០នាទី ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ ពៅ រតនៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិដូសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យទាំង ៧នាក់រួមមាន ៖

១/ ឈ្មោះពង្ស សុធារិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូន មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (ឃាត់ខ្លួន) ។

២/ ឈ្មោះជុំ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្លាបតោអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (ឃាត់ខ្លួន) ។

៣/ ឈ្មោះអ៉ឹង សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (ឃាត់ខ្លួន) ។

៤/ ឈ្មោះពាង ធារ៉ា (ជ័រ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតារាបថូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (ឃាត់ខ្លួន) ។

៥/ ឈ្មោះ លាង ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (គេចខ្លួន) ។

៦/ ឈ្មោះនៅ ថុនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (គេចខ្លួន) ។

៧/ឈ្មោះឡុង ពីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (គេចខ្លួន) ។

ដោយឡែក វត្ថុចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-0498 ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ មកឈរនោមនៅក្បែររបងមុខផ្ទះរបស់ខ្លួន ស្រាប់តែមានជនសង្ស័យខាងលើចំនួន ៧នាក់ ជិះម៉ូតូចំនួន០៤គ្រឿង (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី មិនចាំផ្លាកលេខដោយឈ្មោះ ថុនា អ្នកបើកម៉ូតូ ឈ្មោះអ៊ឹង សុធា អង្គុយពីក្រោយ, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរី ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1L-2580 ដោយឈ្មោះ ពីន អ្នកបើកម៉ូតូ ឈ្មោះពង្ស សុធារិទ្ធិ អង្គុយពីក្រោយ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវស មិនចាំស៊េរីនិងផ្លាកលេខ ឈ្មោះពេជ្រ ជិះម៉ូតូម្នាក់ឯង នឹង ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌សរ មិនចាំសេរីនិងស្លាកលេខឈ្មោះជុំ សុខហេង អ្នកបើកម៉ូតូ ឈ្មោះពាង ធារ៉ា(ជ័រ) អង្គុយពីក្រោយ) បានជិះចេញពីខាងផ្លាហ្សា មកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូ។

របាយការន៍ដដែលបន្តថា ពេលមកដល់ អ្នកអង្គុយនៅខាងក្រោយម៉ូតូនិមួយៗ នាំគ្នាលោតចុះពីលើម៉ូតូ ព្រួតវាយទៅលើជនរងគ្រោះ ដោយខ្លះយកស្បែកជើង ខ្លះវាយដៃ បណ្តាលអោយជនរងគ្រោះដួលទៅលើដី នឹងមានរបួសត្រង់ខ្នង (ស្រាល) និងពកក្បាលពីខាងក្រោយ ដោយមិនដឹងមូលហេតុ។ ក្រោយមកក៏មានអ្នកជិតខាងចេញមកឃាត់បំបែក បក្ឋពួកជនសង្ស័យទាំង៧នាក់ខាងលើនិងជនរងគ្រោះ។ ភ្លាមនោះបក្ខពួកជនសង្ស័យ០៦នាក់ ក៏បាននាំគ្នាឡើងជិះម៉ូតូសំដៅមកខាងវត្ត ពេលនោះជនសង្ស័យឈ្មោះ ពង្ស សុធារិទ្ធ ត្រូវបានអ្នកជិតខាងឃាត់ខ្លួនបាននៅកន្លែងកើតហេតុ។ ក្រោយមកជនរងគ្រោះបានខលទូរសព្ទ័ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភូមិធំឲ្យចុះអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ភូមិធំ នឹងកម្លាំងជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន នឹងនាំជនសង្ស័យឈ្មោះ ពង្ស សុធារិទ្ធ មកសាកសួរនៅប៉ុស្តិ៍ភូមិធំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័ឈ្មោះ ពង្ស សុធារិទ្ធ បានសារភាពថា ខ្លួន និងបក្ខពួកចំនួន០៦នាក់ទៀត បានជិះម៉ូតូចំនួន០៤គ្រឿងដូចខាងលើ ចេញពីតារាងបាល់ទះនៅភូមិតារាបដូនស ឃុំគគីរ ដោយបបួលគ្នាជិះដើរលេងតាមភូមិ ពេលមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះឈរនោមក្បែររបងផ្ទះ ក៏បាននាំគ្នាឈប់ម៉ូតូ រួចមកឈ្មោះ ថុនា នឹង ឈ្មោះ ហេង ក៏ចុះទៅវាយ ជនរងគ្រោះត្រូវចំក្បាល និងខ្នងខាងស្តាំ បណ្តាលឲ្យរបួសស្រាល ចំនែកបក្ខពួក៥នាក់ទៀត អង្គុយចាំនៅលើម៉ូតូ។ ក្រោយពីឈ្មោះ ថុនា នឹង ឈ្មោះ ហេង វាយជនរងគ្រោះរួចក៏នាំគ្នាឡើងម៉ូតូ រួចជិះទៅវត្តកៀនស្វាយក្រៅ តែខ្លួនរត់តាមម៉ូតូមិនទាន់ ក៏ត្រូវអ្នកជិតខាងឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច។

លុះមកដល់ម៉ោង១១.០៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះជុំសុខហេង និងឈ្មោះអ៉ឹង សុធា បានចូលមកសារភាពនៅប៉ុស្តិ៍ភូមិធំដោយខ្លួនឯង នៅចំពោះមុខសមត្ថកិច្ច ឈ្មោះជុំ សុខហេង បានសារភាពថា ខ្លួនបានជិះម៉ូតូរបស់ខ្លួនទៅជាមួយមិត្តភក្កិ០៦នាក់ទៀត ពេលទៅដល់កន្លែងកើតហេតុឈ្មោះពាង ធារ៉ា(ជ័រ), ឈ្មោះនៅ ថុនា, ឈ្មោះពង្ស សុធារិទ្ធ បានចុះពីលើម៉ូតូទៅវាយជនរងគ្រោះជាច្រើនដៃ ចំណែកខ្លួនអង្គុយនៅលើម៉ូតូពេលវ៉ៃជនរងគ្រោះរួចហើយ ពួកខ្លួនក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ។

ឈ្មោះ អ៊ឹង សុធា បានសារភាពថា ខ្លួនរួមជាមួយនឹងបក្ខពួក០៦នាក់ទៀតបាននាំគ្នាជិះម៉ូតូចេញពីភូមិតារាបដូនស ពេលទៅដល់កន្លែងកើតហេតុក៏បាននាំគ្នាឈប់ម៉ូតូរួចឈ្មោះនៅ ថុនា, ឈ្មោះពង្ស សុធារិទ្ធ, ឈ្មោះពាង ធារ៉ា(ជ័រ) បានចុះពីលើម៉ូតូទៅវាយជនរងគ្រោះជាច្រើនដៃ ។ ចំណែកខ្លួនអង្គុយចាំនៅកន្លែងម៉ូតូ ពេលវាយរួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួន ។

លុះមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង ២០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ និងប៉ុស្តិ៍គគីរឃាត់ខ្លួនឈ្មោះពាង ធារ៉ា(ជ័រ) យកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះពាង ធារ៉ា(ជ័រ)បានសារភាពថា ខ្លួនរួមជាមួយនឹងបក្ខពួក០៦នាក់ទៀត បាននាំគ្នាជិះម៉ូតូចេញពីភូមិតារាបដូន សំដៅទៅលេងនៅផ្សារផ្លាហ្សា លុះជិះដល់កន្លែងកើតហេតុក៏ឃើញជនរងគ្រោះឈរនៅលើផ្លូវ ហើយនាំគ្នាឈប់ម៉ូតូ ដោយខ្លួនរួមជាមួយនិងឈ្មោះពង្ស សុធារិទ្ធ, ឈ្មោះ នៅថុនា បាននាំគ្នាព្រួតវាយជនរងគ្រោះត្រូវចំក្បាលនិងដងខ្លួនបណ្ដាលឲ្យជនរងគ្រោះដួលទៅដីពេលធ្វើសកម្មភាពរួចក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះរៀងខ្លួន។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យដែលគេចខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ អែល វិចិត្រ


Telegram