រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប Mercedes CLA មួយគ្រឿង ដឹកនារីរូបស្រស់ មិនប្រយ័ត្ន រេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើប Mercedes CLA មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BZ 2311ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកឡើងរបាំងចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ សំណាងប្រជាពលរដ្ឋ នាំគ្នាជួយទាញមនុស្សចេញទាន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តស៊េរីទំនើបខាងលើយកទៅទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka