រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈទៅលើយុវតីម្នាក់ បានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវ បេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ព្រីង ម៉ៃ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ ស្នាក់នៅបន្ទប់កើតហេតុ។ ចំណែកជនរងគ្រោះមានអាយុ ១៧ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង១២និង៣០នាទី យប់ជនរងគ្រោះ និងជនសង្ស័យនាំគ្នាផឹកស្រាបៀរ ពេលនោះជនរងគ្រោះក៏ស្រវឹងបាត់ស្មារតី ជនសង្ស័យក៏ជិះម៉ូតូឌុបជនរងគ្រោះមកបន្ទប់ជួលរបស់ខ្លួន (ចំណុចកើតហេតុ) រួចក៏ធ្វើសកម្មភាពរំលោភជនរងគ្រោះបានម្តង។ លុះព្រឹកឡើងថ្ងៃដដែល ជនសង្ស័យចេញទៅក្រៅបាត់ ជនរងគ្រោះក៏ទាក់ទងទៅមិត្តភក្តិមកយកទៅផ្ទះ ដោយជនរងគ្រោះក៏ចាំមិត្តភក្តិក្នុងបន្ទប់ជួលជនសង្ស័យបន្តទៀត។ រហូតដល់ម៉ោង២និង៣០នាទីរសៀល ថ្ងៃដដែល ជនសង្ស័យត្រឡប់មកបន្ទប់ជួលវិញ ក៏ចាប់ជនរងគ្រោះផ្តួលលើគ្រែ យកកន្សែងខ្ទប់មាត់កុំឲ្យស្រែក ហើយរំលោភជនរងគ្រោះបាន សម្រេចម្តងទៀត។ បន្ទាប់មកជនរងគ្រោះក៏ទៅផ្ទះយករឿងហេតុខាងលើ ប្រាប់ម្តាយមីង ទើបម្តាយមីងក៏នាំជនរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
រហូតដល់ល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមកដាក់បណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍និរោធ។ លុះដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ម៉ោង៣និង៣០ នាទីរសៀល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្ស័យនៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ សាកសួរ តែម្តង ៕ មេសា