រដ្ធមន្ត្រីក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗ
សន្តិសុខសង្គម
55

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់អ្នកសារព័ត៌មាន ដែលបានបំពេញតូនាទីយ៉ាងសំខាន់ជាប្រពន្ធ័ផ្សព្វផ្សាយ ដែលនាំយកនូវព័ត៌មានពិត និងការពិត ជូនដល់សង្គម តាមរយៈការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ។ ការថ្លែងក្នុងឱកាសនេះធ្វើឡើង ក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង ការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ ។

ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់ ។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។

ឯកឧត្តម រដ្ឋមន្រ្តី បានគួសបញ្ជាក់ពី ការងារសន្តិសុខព័ត៌មាន ដែលសំដៅទៅលើការធានាអោយបាននូវការទទួលព័ត៌មានរបស់សាធារណជន ខ្លឹមសារដែលមានគុណភាព មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។

ឯកឧត្តម បានអំពាវនាវអោយអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់ ៕ 


Telegram