ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ ជិះបុកពីក្រោយរថយន្តពេញទំហឹង ស្លាប់បុរសម្នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត កាលពីវេលាម៉ោង ៨និង ២០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅក្នុងភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។
តាមរបាយការណ៍ពីសមត្ថកិច្ច ដែល TVFB ទទួលបាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-9723 បើកមកពីជើងទៅត្បូងដោយឈ្មោះ ស្រាង ស្រួល ភេទប្រុស អាយុ៣៤ឆ្នាំ ទីកន្លែងកំណើត ភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលតំបន់សេដ្ឋកិច្ចពិសេសចោមចៅ ជិះម៉ូតូដោយល្បឿនលឿន មកបុកពីក្រោយរថយន្ត មិនស្គាល់ម៉ាកពេញទំហឹង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង ចំណែករថយន្តបន្តល្បឿនគេចពីកន្លែងកើតហេតុបាត់ សល់តែសព និងម៉ូតូប៉ុណ្ណោះ ។
ក្រោយកលតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការពិនិត្យ សព និងបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវនិងបំពេញបែបបទបន្តតាមនីតិធី ៕ អែល វិចិត្រ