រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដ HILUX RALLY ViGo មួយគ្រឿង រេចង្កូតទៅបុករះត្រូវរថយន្ដ TOYOTA TACOMA បណ្ដាលឲ្យមានមនុស្សរងរបួសម្នាក់ ហើយរថយន្ដមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្ដព្រូសដែលចតចោលបន្ថែម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ HILUX RALLY Vigo មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BP-7709 បើកបរតាមបណ្ដោយផ្លូវ៥១៦ ក្នុងទិសដៅពីកើតមកលិច មកដល់កន្លែងកើតហេតុ ក៏រេចង្កូតបញ្រ្ចាសចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្ដ TOYOTA TACOMA ដែលពាក់ស្លាកលេខ ភ្នំពេញ 2AY-5576 ពេញទំហឹង បណ្ដាលឲ្យម្ចាស់រថយន្ដរងរបួស ហើយរថយន្ដមិនទាន់អស់ល្បឿន ក៏បន្តទៅបុកជាមួយរថយន្ដព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8875 ចតចោលបណ្ដាលឲ្យរងការខូចខាតបន្ថែម។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្ដទាំង៣គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka