ខេត្តកំពង់ឆ្នាំង ៖ ចៅអធិការ វត្តក្រឡាញ់ចាស់ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ក្នុងប្រទេស បានមូលមតិគ្នាជាឯកឆន្ទ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែវេរប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់មួយត្រីមាស ក្នុងពុទ្ធសីមា វត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ដែលស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្មិប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ពិធីបុណ្យកឋិនទានសាមគ្គីនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅវេលាម៉ោង ៣ និង៣០នាទីរសៀល ជួបជុំពទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ ដើម្បីធ្វើបទនមស្សការព្រះរតនៈត្រៃ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និមន្តព្រះធម្មកថិក១អង្គ សម្តែងព្រះធម៌ទេសនា ។ លុះព្រឹកឡើងនៅថ្ងៃអាទិត្យ ១៤រោច ត្រូវនឹងថ្ងៃទី១២ ខែឆ្នាំដដេល វេលាម៉ោង ៧ព្រឹក ប្រគេនយាគូចំពោះព្រះសង្ឃ , ម៉ោង ៩ព្រឹក និមន្តព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃធុដង្គ ព្រះចៅអធិការវត្តតាសុត សម្តែងព្រះធម៌ទេសនា ម៉ោង១០និង៣០នាទីព្រឹក ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ម៉ោង១រសៀល ដង្ហែរអង្គកឋិនទានសាមគ្គីប្រទក្សិណសាឡុំ និងវេរថ្វាយព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។
អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើ សូមនិមន្តព្រះកុរណា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទាំងសូមយាង និងអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមកម្មវិធីនេះដើម្បីបាននូវចំណែកបុណ្យកុសលរៀងៗខ្លួន ។
សូមបញ្ជាក់បន្ថែមថា ញាតិញោម ដែលធ្វើដំណើរអញ្ជើញមកពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ បង្គោលគីឡូលេខ១០៤ ខាងឆ្វេងដៃ ចូលមកក្នុង១គីឡូ ឬទំនាក់ទំនងលេខទូរសព្ទ ព្រះចៅអធិការ វត្តក្រឡាញ់ចាស់ ព្រះសិរីមង្គលមុនី ម៉ុច សៅលី តាមរយៈលេខទូរសព្ទ ០១៥ ៨៩៦ ៩៩៩/០៩០ ៨៩៦ ៩៩៩ ៕