ដំណើរប្រឡងបាក់ឌុបថ្ងៃទី១ បានចាប់ផ្តើម ជូនពរសំណាងល្អ ជោគជ័យប្អូនៗ ! ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសារនៅមណ្ឌលប្រឡង
សន្តិសុខសង្គម
56

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

តាមប្រភពព័ត៌មានពីក្រសួងអប់រំ យុវជន និងកិឡា បានឲ្យដឹងថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។

ប្រភពដដែល បានបន្តថា វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី៧៣២៧៨នាក់ចែកជា ២២៧ មណ្ឌលត្រូវជា៥៥៤៣បន្ទប់។

ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦០៣៣នាក់ (ស្រី៤៨៤៨៩ នាក់)។ចំណែកគណៈមេប្រយោគ នឹងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤១២៦នាក់ នឹងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥៣៩៩នាក់ ។ ដោយឡែក សម្រាប់ រាជធានីភ្នំពេញ មានមណ្ឌលប្រឡង ចំនួន៣១ មណ្ឌល នឹង មានបេក្ខជនចំនួន២៥៨៣៥នាក់៕ 


Telegram