រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការកកស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋាន ភូមិសាស្ត្ររាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋបានសូមណូមពរមកកាន់ TVFB ឲ្យជួយផ្សព្វផ្សាយ ខណៈអាជ្ញាធរខណ្ឌបឹងកេងកង ហាក់បណ្ដោយឲ្យ ក្រុមអាជីវករលក់ដូរ ជុំវិញបរិវេណសាលាបឋមសិក្សា ទួលស្លែង ធ្វើអោយសិស្សានុសិស្ស ដើរលើផ្លូវ មានម៉ូតូ រថយន្តធ្វើដំណើរ ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសអាចធ្វើបាត់បង់ សណ្ដាប់ធ្នាប់ សាធារណៈ បង្កការកកស្ទះ គ្មានចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង។
ក្រុមការងារក្រោយទទួលបានព័ត៌មាននេះ TVFB ក៏បានចុះដលទីតាំងដែលបានលើកឡើង ឃើញថា ជុំវិញបរិវេណ សាលាបឋមសិក្សា ទួលស្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែង ១៧៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានក្រុមអាជីវករ បានយកចិញ្ចឹមផ្លូវសាធារណៈ សម្រាប់សិស្សានុសិស្សដើរថ្មើរជើង យកមកដាក់តូបលក់យ៉ាងរំភើយ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ លើផ្លូវសាធារណៈ ដូចក្នុងរូបភាពមានស្រាប់ ។
ជុំវិញបញ្ហានេះ ក្រុមការងារTVFB បានធ្វើការសាកសួរ ទៅកាន់លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកងផងដែរតាមរយៈតេលេក្រាម តែមិនមានការឆ្លើយ ដោយសារមិនមានការចូលមើល ។
ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅជុំវិញបរិវេណ សាលាបឋមសិក្សាទួលស្លែង សំណូមពរដល់អាជ្ញាធរខណ្ឌខណ្ឌបឹងកេងកង ជួយរំដោះចិញ្ជើមផ្លូវផង ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង ជនពិការភាព ខណៈរាល់ថ្ងៃពិបាកធ្វើដំណើរខ្លាំងណាស់ ចៀសវាងការធ្វើដំណើរតាមផ្លូវដែលអាចបង្កជាគ្រោះថ្នាក់ ហានិភ័យ ផ្សេងៗ-ល៕ អែល មេសា