កូនប្រើថ្នាំញៀន ដុតផ្ទះឆេះខ្ទេច រាលដាលដល់ផ្ទះ១ខ្នងទៀត ស្លាប់យ៉ាងរន្ធត់ និងឆេះបង្គោលភ្លើង១កន្លែងទៀត ក្បែរគ្នា ផ្អើលទាំងកណ្តាលថ្ងៃត្រង់
សន្តិសុខសង្គម
903

រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នង សង់អំពីឈើលើថ្មក្រោមខ្ទេចទាំងស្រុង និងឆេះរាលដាលដល់ផ្ទះមួយខ្នងទៀត ដែលបណ្តាលមកពីយុវជន​ម្នាក់ តាមការបញ្ជាក់ពីក្រុមគ្រួសារ ប្រើប្រាស់ថ្នាំញៀន ចាក់សោរ រួចដុតពូក ឆេះយ៉ាងសន្ធោសន្ធៅ ឆេះខ្លោចស្លាប់ក្នុងផ្ទះ ផ្អើលដល់ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ដែរ តែមិនរលត់ ក៏ប្រញាប់រាយការណ៍ជូនរថយន្តពន្លត់អគ្គីភ័យ ដើម្បីចុះមកធ្វើការបាញ់ពន្លត់ តែម្តង ខណៈទន្ទឹមការដែលកំពុងឆេះផ្ទះនោះ ក៏មានការឆេះបង្គោលភ្លើង នៅក្បែរៗគ្នានោះផងដែរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងក្រុមទី៥ និងក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ភ្លាមៗគេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកដល់ទីតាំងកើតហេតុជាបន្តបន្ទាប់ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន១៤គ្រឿងបានចុះដល់ទីតាំងកើតហេតុ ក្នុងនោះមាន២គ្រឿងជារថយន្តជំនួយ របស់ទីក្រុងអូឡាំព្យា , ១គ្រឿងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំណែក១១គ្រឿងទៀតជារថយន្ត ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាញ់ទឹកអស់១០ឡានទើបរលត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ អគ្គិភ័យបានឆេះផ្ទះ មានម្ចាស់ឈ្មោះ គី ប៊ុនស៊ាន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ បណ្តាលមកពៅកូនរបស់គាត់ ដែលសាច់ញាតិបានអះអាងថា បានប្រើប្រាស់ថ្នាំញៀន បែកថ្នាំ និងធ្លាប់យកដាក់មណ្ឌលអប់រំកែប្រែបន្សាប ច្រើនដងមកហើយ បានធ្វើសកម្មភាព ដុតពូកក្នុងផ្ទះ ដោយចងទ្វាជាប់ ទើបបណ្តាលឲ្យមានការឆាបឆេះខ្លាំង យ៉ាងសន្ធោសន្ធៅត្រឹមមួយប៉ប្រិចភ្នែក ស្លាប់កូនដែលជាអ្នកដុតនោះ ឈ្មោះ គី ប៊ុនសែន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ក្នុងផ្ទះសល់តែឆ្អឹង និងបានឆេះរាលដាលដល់ផ្ទះមួយខ្នងទៀតផងដែរ ហើយគេក៏ឃើញវត្តមាន របស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចុះមកពិនិត្យដោយផ្ទាល់ផងដែរ ។​

ទន្ទឹមនឹងការឆេះផ្ទះនេះ ក៏មានករណីឆ្លងចរន្តអគ្គីសនី ឆាបឆេះបង្គោលភ្លើងមួយករណីទៀតដែរ ដែលនៅក្បែងនោះ តែករណីនេះមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ការពន្លត់នេះប្រើបំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២០បំពង់ ៕ វិចិត្រ+មេសា


Telegram