ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានគ្រឿងញៀន ជាង២គីឡូក្រាម ក្នុងខណ្ឌដូនពេញ
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់គ្នា នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែលឃាត់ខ្លួនបាននេះ រួមមាន ៖

១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។

២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។

៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។

ក្នុងនោះវត្ថុតាងរួមមាន ៖ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ១៤៤ក្រាម)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


Telegram