រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព កាប់គាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ត្រូវបាននគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ ចាន់សុភ័ក្រ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន) ។
ចំណែកវត្ថុតាងម៉ូតូដកហូតរួមមាន៖ ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ផ្លាកលេខ កំពង់ចាម ១B-៣១៦៥ , ដង្កាប់១ និងទួណឺវ៉ីស១ (មធ្យោបាយធ្វើសកម្មភាព) ។ ចំណែកសម្ភារៈបាត់បង់ ៖ ម៉ាស៊ីនត្រជាក់ ០២គ្រឿង ម៉ាក LG, ម៉ាស៊ីនកំដៅម្ហូប ១គ្រឿង, ម៉ាស៊ីនឈូសទឹកកក ១គ្រឿង, ធុងហ្គាស១, កង្ហា ២គ្រឿង និងខ្សែភ្លើងមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ អែល វិចិត្រ