ភ្លៀងខ្យល់ខ្លាំង បាក់ស្រុតអគារក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណៈកន្លងមកអាជ្ញាធរក៏ធ្លាប់បានជូនដំណឹងឲ្យចាកចេញពីអគារនេះ!
សន្តិសុខសង្គម
131

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹង ជុំវិញ ករណីបាក់អគារក្នុងសង្កាត់ផ្សារកណ្តាលទី២ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទីយប់ ។

ភ្លាមៗ គេឃើញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះពិនិត្យដល់ទីតាំងអគារស្នាក់នៅរួមមួយកន្លែង ដែលបានបាក់ស្រុត បន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនថា ចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៨ ភូមិ៥ , ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលត្រូវបានអាជ្ញាធរសង្កាត់-ខណ្ឌ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះ មេត្តាចាកចេញពីអគារ ដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនេះរួចមកហើយនាពេលកន្លងមក។

សូមបញ្ជាក់ថា ចំពោះការបាក់ស្រុតអគារចាស់នេះ មិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេ ព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះឡើយ៕


Telegram