ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាអើតពីលើស្ពាន មើលសាកសពបុរសម្នាក់ ដែលបានអណ្តែតទឹកទន្លេ ដោយលើខ្នងសព មានសាក់យ័ន្តខ្មែរ៥ជួរ ដៃឆ្វេងសាក់រូបព្រះអាទិត្យ ដៃស្តាំសាក់រូបបបូរមាត់ក្រហម និងពាក្យ Chay Zin ។
យោងតាមផេកផ្លូវការ និងកំណត់របស់ Hotline 117 មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៥០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានឆ្លងទន្លេបាសាក់ត្រើយខាងលិច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ភ្លាមៗកម្លាំងជំនាញបានចុះដល់ទីតាំងកើតហេតុ ។ យោងតាមការបំភ្លឺរបស់ឈ្មោះ កេន តុលា ភេទប្រុស ជាប្អូនថ្លៃរបស់សពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន រ៉ាស៊ី មុខរបរជាកម្មករសំណង់ មានស្រុកកំណើរនៅខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅភូមិកោះនរា សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហើយនៅថ្ងៃទី៣ ខែវិច្ឆិកា វេលាម៉ោង១២ ជនរងគ្រោះចេញពីធ្វើការទៅមើលគេបង់សំណាញ់ជិតស្ពានកោះនរា ឃើញបារីអណ្តែតទឹក ក៏ហែលទៅយក តែត្រូវទឹកគួចទៅបាត់ ។ ពួកគាត់នាំគ្នារកដែរតែរកមិនឃើញ លុះនៅថ្ងៃទី៧ វិច្ឆិកា ម្សិលមិញនេះ ក៏ប្រទះឃើញសពតែម្តង ។
តាមការពិនិត្យពីសមត្ថកិច្ចជំនាញ សពពិតជាស្លាប់ដោយសារ លង់ទឹកពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕