រថយន្តដឹកអ្នកដំណើរ បុករះរថយន្ត២គ្រឿងទៀតកំពុងបើកបញ្ច្រាសទិសគ្នា របួសមនុស្ស ខ្ទេចរថយន្តយ៉ាងដំណំលើផ្លូវជាតិលេខ៤ !
សន្តិសុខសង្គម
127

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់ បានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរមួយគ្រឿង រេចង្កូតមកឆ្វេងដៃ កៀររថយន្តកុងតឺន័រ រួចបុកចំពីមុខរថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ដែលកំពុងជិះបញ្ច្រាសទិសគ្នា ពេញទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ខណៈរថយន្តវិញ រងការខូចខាតយ៉ាងដំណំ។ នេះបើយោងតាមផេកផ្លូវការ និងកំណត់ហេតុ Hotline 117 មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការនគរបាលជាតិ ។

តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ដ ម៉ាក TOYOTA COASTER ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ បើកបរពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដោយឈ្មោះ ឡុង ប៉េងអៀង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកដល់ចំណុចខាងលើ រថយន្តនេះបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន រួចបានកៀររថយន្ដ កុងតឺន័រមួយគ្រឿង ម៉ាក FUSO ពណ៌បៃតង ចំពីចំហៀងខាងឆ្វេង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ដោយឈ្មោះ ថុន ចាន់ថង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃបេង ឃុំស្ដុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយពីកៀររួច រថយន្ដដឹកអ្នកដំណើរនេះ មិនទាន់អស់ល្បឿន ក៏បន្ដទៅបុករះចំ រថយន្ដម៉ាក TOYOTA HINGLANDER មួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នា ដោយឈ្មោះ លី ចាន់ថេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្រាំងដូងទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអ្នករួមដំណើរ ម្នាក់ឈ្មោះ អោក ចិន្ដា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនវាលរេញ។

ដោយឡែក វត្ថុតាងរថយន្ដ៣គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕


Telegram